All posts by ROMDUOL Experience

ទឹកប្រហុកសម្រាប់ញាំជាមួយម្ជូរ


គ្រឿងផ្សំ៖

១. ទឹកត្រី

២. ប្រហុកឆៅចិញ្ចាំ

៣. ម្ទេស

៤. ស្ករត្នោត

សូមមើលរបៀបធ្វើក្នុងវិឌីអូខាងក្រោម៖

 

Advertisements

ខឆ្អឹងជំនីជ្រូកស្ងួត


គ្រឿងផ្សំមានដូចជា៖

១. ឆ្អឹងជំនីជ្រូក ១គីឡូ

២. ខ្ញី១ដុំធំ

៣. ខ្ទឹម៥កំពឹស

៤. អំបិល ១ស្លាបព្រាបាយ

៥. ទឹកត្រី ២ស្លាបព្រាបាយ

៦. ស្ករត្នោត ៣ស្លាបព្រាបាយ

៧. ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ

៨. ម្រេច បន្តិច

របៀបធ្វើ៖

១. យកឆ្អឹងជំនីជ្រូកប្រឡាក់ជាមួយ អំបិល ទឹកត្រី ម្រេច ខ្ទឹមស (ដំបន្តិច) លៃឲ្យប្រៃឡមៗ ទុកប្រហែល១០នាទី

២. ហាន់ខ្ញីជាចំណិតស្ដើងៗល្មម

៣. រំលីងស្ករត្នោតឲ្យឡើងពណ៌ក្រហមដិត តែប្រយ័ត្នកុំឲ្យខ្លោច បន្ទាប់មកដាក់ឆ្អឹងជំនីជ្រូកចូល ចាក់ទឹកត្រីបន្តិច ទឹកស៊ីអ៊ីវបន្តិច លើកក្រឡុកថ្មមៗ ឲ្យសព្វល្អ ទើបចាក់ទឹកចូលបន្តិចបានហើយ ដើម្បីកុំឲ្យខ្លោច ដាក់ខ្ញី ម្រេច ចូលរំងាស់ភ្លើងតិចៗ លើកក្រឡុកថ្មមៗឲ្យឃើញឆ្អឹងជំនីពណ៌ក្រហមល្អ ទើបចាក់ទឹកឲ្យល្មមលិចត្រឹមឆ្អឹងជំនីជ្រូក រួចរំងាស់ភ្លើងតិចៗ (ពេលរីងទឹកហើយ បើសាច់នៅមិនទាន់ផុយល្អទេ ត្រូវថែមទឹកបន្តិច) រំងាស់រហូតដល់ផុយ និងរីងទឹក ជាងខធម្មតា និងរសជាតិរៀងប្រៃនិងផ្អែមបន្តិចទើបឆ្ងាញ់។ 

ជ្រក់ជើងមាន់


គ្រឿងផ្សំមានដូចជា៖

១. ជើងមាន់១គីឡូកន្លះ

២. ទឹក៧៥០មីលីលីត្រ

៣. ទឹកត្រី៣០០មីលីលីត្រ

៤. ទឹកខ្មេះ៣០០មីលីលីត្រ

៥. អំបិល២/៣ស្លាបព្រាបាយ

៦. ស្ករសរមួយស្លាបព្រាបាយកន្លះ

៧. គល់ស្លឹកគ្រៃ៧គល់

៨. ខ្ញី៥ដុំ

៩. ស្លឹកក្រូចសើច១៥សន្លឹក

១០. ខ្ទឹមស១៥កំពឹស

១១. ម្ទេស១០គ្រាប់

១២. ទឹកកកលៃល្មមត្រាំជើងមាន់

របៀបធ្វើ៖

១. ហាន់ខ្ទឹមស ខ្ញី គល់ស្លឹកគ្រៃ ម្ទេស ជាបន្ទះស្ដើងៗ ទុកមួយឡែក។

២. ចាក់ទឹក ទឹកខ្មេះ អំបឹល ស្ករស ទឹកត្រី ចូលឆ្នាំង រួចដាំឲ្យពុះ ទុកឲ្យត្រជាក់ទុកមួយអន្លើ។

៣. ដាំទឹកបង់គល់ស្លឹកគ្រៃ ខ្ញី និងស្លឹកក្រូចសើចមួយភាគ មកបង់ចូល រួចចាកជើងមាន់ចូល បើកភ្លើងដាំឲ្យពុះប្រហែល១០នាទី បន្ទាប់មកស្រង់យកជើងមាន់មកត្រាំទឹកកកឲ្យត្រជាក់សព្វប្រហែល១០នាទីឲ្យសាច់ឡើងរឹង និងស្រួយ។

៤. យកជើងមាន់ដែលត្រាំទឹកកករួច(ស្រង់ឲ្យអស់ទឹក) មកតំរៀបក្នុងក្រឡកែវ លាយជាមួយ ខ្លឹមស ខ្ញី គល់ស្លឹកគ្រៃ ម្ទេសដែលបានហាន់រួច ស្លឹកក្រូចសើច (មិនបាច់ហាន់ទេ ទុកទាំងមូល) រួចចាក់ទឹកសម្រាប់ជ្រក់ដែលបានដាំទុកឲ្យត្រជាក់ចូលឲ្យលិចសព្វជើងមាន់ ទុកប្រហែល៣០នាទីដើម្បីឲ្យជើងមាន់ចូលជាតិបានល្អហើយ យើងអាចយកទៅក្លាសេទុកក្នុងទូរទឹកកកមួយយប់សិន ជាការស្រេច៕ ចំណាំ៖ អាចទុកក្នុងទូរទឹកកករក្សាបានប្រហែល៥ ទៅ៦ថ្ងៃ។

តើត្រូវត្រៀមអ្វីខ្លះដើម្បីទៅពិនិត្យ និងព្យាបាលសុខភាពនៅបាងកក ប្រទេសថៃ ឲ្យចំណាយអស់តិច និងមានសុវត្ថិភាព? 


សម្រាប់លោកអ្នកដែលមានបំណងចង់ទៅពិនិត្យសុខភាព និងព្យាបាលជម្ងឺនៅបាងកក ឲ្យអស់ចំណាយតិច Romduol Experience សូមជូនជាយោបល់ថា គួរពិចារណាជ្រើសរើសសេវាព្យាបាលរបស់មន្ទីពេទ្យរដ្ឋ។ ថ្ងៃនេះ Romduol Experience សូមលើកយកតែមន្ទីពេទ្យជូឡាឡុងកន (King Chulalongkorn Memorial Hospital) ដែលជាមន្ទីរពេទ្យមួយក្នុងចំណោមន្ទីរពេទ្យរដ្ឋរបស់ថៃ ណែនាំជូនលោកអ្នក។ តើលោកអ្នកត្រូវត្រៀមអ្វីខ្លះក្រៅពីថវិកា?

១. រកអ្នកបកប្រែភាសាថៃ ដែលទទួលបកប្រែឲ្យអ្នកជម្ងឺ នៅមន្ទីពេទ្យនោះ ឲ្យជួយណាត់គ្រូពេទ្យទុកជាមុនតាមថ្ងៃដែលលោកអ្នកចង់បាន ជាទូទៅសេវាបកប្រែគេយក៥០០បាត(លុយថៃ) ។ 

២. រកកន្លែងស្នាក់នៅ(ត្រូវកក់ទុកជាមុន) ដែលនៅមិនឆ្ងាយពីមន្ទីរពេទ្យនេះ មានផ្សារទំនិញ និងអាហារដ្ឋាននានា ដែលមានតំលៃសមរម្យ តំបន់នោះគេហៅថាប្រាទូណាម (Pratunam)។

៣. កក់ និងទិញសំបុត្រឡានពីក្រុមហ៊ុនដឹកអ្នកដំណើរ ដោយត្រង់ពី ភ្នំពេញ-បាងកក និងបាងកក-ភ្នំពេញ តំលៃសំបុត្រទាំងទៅ ទាំងមកអស់ប្រហែលពី52-54$ អាស្រ័យតាមក្រុមហ៊ុន។ ចំពោះរយៈពេលធ្វើដំណើរពីភ្នំពេញទៅបាងកកត្រូវចំណាយពេលប្រហែល១០-១២ម៉ោង​ (មួយថ្ងៃពេញ)។

៤. ត្រូវមានលិខិតឆ្លងដែន រៀងៗខ្លួនសូម្បីតែកូនង៉ែតក៏ត្រូវមានលិខិតឆ្លងដែនមួយជារបស់ខ្លួនដែរ និងត្រូវយកជាប់ខ្លួនជានិច្ច។

៥. ចំពោះការឆ្លងកាត់ព្រំដែន ត្រូវប្រុងប្រយ័ត្ននៅពេលដែលប្រគល់លិខិតឆ្លងដែនទៅអ្នករត់ការចូរសួរបញ្ជាក់ថាគាត់ជាអ្នករត់ការរបស់ក្រុមហ៊ុនដឹកអ្នកដំណើរដែលយើងជិះមក? ចៀសវាងការប្រគល់ច្រឡំមនុស្សរបស់ក្រុមហ៊ុនផ្សេង ព្រោះមានជាច្រើនក្រុមហ៊ុនរត់ការដូចគ្នា។ ករណីនេះធ្លាប់មានកើតឡើងផងដែរ។​

៦. គួរទិញស៊ីមទូរស័ព្ទនៅតាមច្រកព្រំដែនអោយហើយ ដើម្បីងាយស្រួលទំនាក់ទំនងជាមួយអ្នកបកប្រែ។

៧. ថ្ងៃណាត់ពិនិត្យជាមួយគ្រូពេទ្យ លោកអ្នកនឹងត្រូវចំណាយពេលព្រឹកដើម្បីចុះឈ្មោះនិងពិនិត្យសុខភាពជាបឋមដូចជាការពិនិត្យឈាម ទឹកនោម បេះដូង ជាដើម។ ថ្លៃពិនិត្យសុខភាពជាបឋមនេះ ប្រហែលនៅក្នុងចន្លោះពី ៣០០០បាត​ – ៤០០០បាត។​ បន្ទាប់ពីពិនិត្យបឋមរួច លោកអ្នកអាចសល់ពេលដើរលេងទៅតាមផ្សារ អាហារដ្ឋានផ្សេងៗ និង​រង់ចាំដល់ម៉ោងណាត់ជួបវេជ្ជបណ្ឌិត។ ពេលដែលលោកអ្នកអាចជួបពិនិត្យជាមួយវេជ្ជបណ្ឌិតបានគឺនៅពេលល្ងាចប្រហែលជាម៉ោង៥​ ឬ ៦។  ថ្លៃពិនិត្យរបស់វេជ្ជបណ្ឌិតគឺ៦៤០បាត ចំណែកថ្លៃថ្នាំអាស្រ័យតាមប្រភេទជម្ងឺ។ សូមចំណាំថា៖ ថ្លៃថ្នាំនៅក្នុងមន្ទីរពេទ្យនេះ គឺធូរថ្លៃជាងទិញនៅតាមឱសថស្ថានខាងក្រៅ។

៧. ចំពោះ​មធ្យោបាយធ្វើដំណើរនៅក្នុងទីក្រុងបាងកក លោកអ្នកអាចប្រើ រថភ្លើងលើអាកាស (Sky Train) ឬឡានក្រុង ឬធ្វើដំណើរដោយថ្មើជើង (ប្រសិនបើលោកអ្នកស្គាល់ផ្លូវច្បាស់ ឬមានផែនទី) អាចជឿជាក់ថាមានសុវត្ថិភាព និងធូរថ្លៃជាងជិះTaxi ។ ប្រសិនបើលោកអ្នកចាំបាច់ត្រូវប្រើ Taxi សូមបង្កើនការប្រុងប្រយ័ត្នបន្តិចក្នុងពេលលោកអ្នកធ្វើដំណើរម្នាក់ឯង ឬ២នាក់ ជាពិសេសនៅពេលយប់ និងពេលជិតភ្លឺ ព្រោះអាចជួបTaxi មួយចំនួនតូចដែលខូចខិល ចង់កេងយកលុយពីលោកអ្នក តាមរយៈការជិះវៀងផ្លូវឆ្ងាយ ឬ មិនប្រើម៉ាស៊ីនវាស់គីឡូម៉ែត្រទេ ទោះជាមានក៏ដោយ ឬធ្វើជាយល់ព្រមតាមតំលៃដែលលោកអ្នកតថ្លៃជាមួយ លុះដល់កន្លែងចុះ ចាក់គន្លឹះទ្វារឡានធ្វើអោយយើងបើកចេញមិនរួច​ ទាល់តែថែមលុយអោយបានបើកចេញ ករណីមួយទៀតជិះបានបន្តិចធ្វើជាមិនស្គាល់ច្បាស់កន្លែងដែលយើងចង់ទៅ ឈប់ចុះសួរគេតាមផ្លូវរហូត ចុងក្រោយទារលុយច្រើនព្រោះជិះរកផ្លូវឡើងយូរ​។

ទម្លាប់មួយចំនួនដែលឳពុក ម្ដាយគួរកែប្រែដើម្បីកូន


ខាងក្រោមនេះគឺជាទម្លាប់មួយចំនួនដែលយើងជាលោកប៉ានិងអ្នកម៉ាក់គួរតែពិចារណាកែសម្រួលតាមលទ្ធភាពដែលអាចធ្វើទៅបាន​ ប្រសិនបើលោកអ្នកមានទម្លាប់ណាមួយ ឬច្រើនក្នុងចំណោមនោះ។

១.​ តាមចិត្តកូនពេកចង់បានអី រក ឬទិញឲ្យភ្លាមៗ ឬចង់ធ្វីអីបណ្ដោយតាមកូន

ការធ្វើបែបនេះនឹងបង្កើតជាទម្លាប់មិនល្អដល់កូន និងបង្កជាផលវិបាកដល់យើងនៅពេលក្រោយ ហើយជួនកាលអាចនឹងធ្វើឱ្យអ្នកដទៃពិបាកផងដែរ។ ឧ. បើកឡានយកកូនមកដាក់ឲ្យអង្គុយបើកកាន់ចង្កូតឡានជាមួយ ព្រោះកូនយំចង់កាន់ចង្កូតឡានលេង។

២. អាហារដែលលោកអ្នកមិនចេះញាំ

គប្បីបង្រៀនកូន អោយទម្លាប់ញាំម្ហូបបានគ្រប់ប្រភេទ (សាច់ បន្លែ និង ផ្លែឈើ) ទោះលោកអ្នកមិនចេះ ឬមិនធ្លាប់ទទួលទានក៏ដោយ។

៣.ញាំអាហារក្រៅផ្ទះញ៉ឹកញ៉ាប់ពេក

បច្ចុប្បន្នការញាំអាហារក្រៅផ្ទះគឺពេញនិយម និងសំបូរបែបណាស់ ហើយក៏ផ្ដល់នូវភាពងាយស្រួលដល់អ្នកម៉ាក់ មិនចាំបាច់ហត់ធ្វើម្ហូប ប៉ុន្តែលោកអ្នកអាចនឹងប្រឈមជាមួយជម្ងឺផ្សេងៗជាពិសេសក្មេងៗងាយនឹងរងគ្រោះ បើរបស់ដែលទទួលទានមិនមានគុណភាព និងអនាម័យ។​

 ៥.ថ្មមកូនពេកមិនឲ្យកូនជួយធ្វើការងារផ្ទះ

ការដែលឲ្យកូនជួយការងារផ្ទះស្រាលៗមួយចំនួនគឺមិនមិនជាការធ្វើបាបកូន ឬហត់នឿយសម្រាប់ក្មេងនោះទេ តែអាចធ្វើឲ្យកូនលោកអ្នកដឹងពីតួនាទី ចេះជួយតាមលទ្ធភាពដែលពួកគាត់មាន ហើយជួយឲ្យគេបានយល់ពីទុក្ខធុរៈរបស់លោកអ្នក មានទម្លាប់ចេះជួយដល់អ្នកដទៃផងដែរ។

៦.ពឹងផ្អែកលើទឹកដោះគោច្រើនពេករហូតដល់ញាំជំនួសបាយទោះដល់អាយុគួរផ្ដាច់ហើយក៏ដោយ ៕

 

ទឹកត្រីបុកអំពឹលខ្ចី


គ្រឿងផ្សំមានដូចជា៖

១.ក្ដឹបអំពឹលខ្ចី

២.ទឹកត្រី

៣.អំបិល

៤.ម្ទេស

៥.រំដេង ឬ ខ្ញី

៦.ខ្ទឹមស

៧.ស្ករស

៨.ប៊ីចេង

របៀបធ្វើ៖

បុកគ្រឿងផ្សំទាងអស់បញ្ចូលគ្នា លាយតាមរសជាតិដែលលោកអ្នកចូលចិត្តជាការស្រេច។

ក្ដាមសេះអាំងអំបឹលម្ទេស


គ្រឿងផ្សំមានដូចជា៖

១. ក្ដាមសេះ

២. ខ្ទឹមស

៣. ម្សៅស៊ុប

៤. ស្ករស

៥. ម្ទេស

របៀបធ្វើ៖

១. បកក្ដាម រួចកាប់ជា២ ហើយយកស្រកីវាចេញលាងទឹកឲ្យស្អាតទុកមួយអន្លើ

២. បុកខ្ទឹមស ម្ទេស ស្ករស និងម្សៅស៊ុបចូលគ្នា

៣. យកក្ដាមមកប្រឡាក់ជាមួយគ្រឿងផ្សំដែលបានបុករួច ហើយដាក់អាំងជាការស្រេច។

វិធីស្រោចទឹករំដោះគ្រោះសាមញ្ញងាយៗ 


លោកអ្នកមួយចំនួនប្រហែលជាធ្លាប់បានដឹងដែរហើយថា ការស្រោចទឹករំដោះគ្រោះមិនមែនមានតែព្រះសង្ឃស្រោចឲ្យទេ យើងក៏អាចសុំឲ្យព្រះរស់ក្នុងផ្ទះ (លោកឳពុក  ឬ/និង អ្នកម្ដាយបង្កើត) ធ្វើពិធីស្រោចទឹករំដោះគ្រោះឲ្យបានផងដែរ។ ពិធីនេះ លោកអ្នកអាចសាកល្បងបានហើយក៏មិនមានអ្វីត្រូវខាតបង់ដែរ ព្រោះនេះគឺជាជំនឿតៗគ្នាមករបស់គ្រួសារខ្ញុំ បានផលក៏ល្អដែរ។ 

គ្រឿងដែលត្រូវមានសម្រាប់រៀបពិធី៖

១. ធូប បីសរសៃ

២. ផ្កាម្លិះមួយភួង ឬ ផ្កាឈូក១-២ (បកប្រឡេះចេញជាស្រទាប់) ឬ ទឹកអប់ ឬ ផ្លែក្រូចសើច១-២ផ្លែ (ហាន់ជាបន្ទះស្ដើងល្មម)

៣.ទឹកស្អាត១ធុងធំ

របៀបធ្វើពិធី៖

១. បើកទ្វារផ្ទះ ឬ ទ្វាររបងចំហរ

២. យកផ្កាមករោយ ដាក់ចូលក្នុងធុងទឹក រៀបនៅទីធ្លាមុខផ្ទះ

៣. អុជធូបជូនលោកអ្នកមានគុណ

៤. លោកឳពុក ឬអ្នកម្ដាយ លើកធូបបួងសួង ដល់អស់ទេវតានៅឋានលើគ្រប់ទិសទាំងដប់ ព្រះពុទ្ធជាម្ចាស់ សូមអញ្ជើញមកស្ថិតនៅផ្ទះលេខ….ផ្លូវ……ដើម្បីជួយរំដោះគ្រោះភ័យចេញពីកូនរបស់ខ្ញុំតាមរយៈទឹកមួយធុងនេះ បន្ទាប់មក យកជើងធូបកូរទឹក៣ជុំរួច លោកឪពុក ឬអ្នកម្ដាយរៀបចំស្រោចទឹកឲ្យកូន មុនស្រោចទឹក កូនត្រូវថ្វាយបង្គុំលោកអ្នកមានគុណចំនួន៣ដង អាចជូនលុយលោកអ្នកមានគុណតាមសទ្ធា រួចហើយអង្គុយតាមកន្លែងដើម្បីស្រោចទឹក។ ពេលកំពុងស្រោចទឹក លោកឳពុក ឬអ្នកម្ដាយនិយាយសុំឲ្យគ្រោះចង្រៃទាំងឡាយរលាយ និងហូរទៅតាមទឹកឲ្យអស់ សូមឲ្យមានតែលាភ ជ័យ ហេងៗចូលមានដល់កូន សូត្របែបនេះរហូតដល់ស្រោចទឹកអស់ពីធុងជាការស្រេច។

ស្ងោរជ្រក់ត្រីបាត់ដំបង



គ្រឿងផ្សំមានដូចជា៖

១. ត្រីឆ្កោក ឬត្រីក្អែក ឬត្រីឆ្ដោ (លោកអ្នកអាចជ្រើសរើសយកត្រីប្រភេទផ្សេងទៀតក៏បានតាមការចូលចិត្ត)

២. គល់ស្លឹកគ្រៃ ២គល់

៣.ខ្ទឹមស ១០កំពឹស

៤. ម្ទេស ៦គ្រាប់ (អាចដាក់តិច ​ឬច្រើនតាមចំណូលចិត្ត)

៥. ជីរណា

៦. ជីនាងវង

៧. ស្លឹកខ្ទឹម

៨.​ អំបិល

៩. ប៊ីចេង

១០. ទឹកត្រី

១១. ស្ករស

១២. ក្រូចឆ្មារ


របៀបធ្វើ៖

១. អាំង ម្ទេស និងខ្ទឹមស អោយឡើងឈ្ងុយនិងរាងគ្រៀមបន្តិច រួចយកចំនួនពាក់កណ្តាលទុកសម្រាប់បង់ចូលក្នុងទឹកសម្ល  ឯពាក់កណ្ដាលទៀតយកមកហាន់ជាចំណិតតូចៗល្មម សម្រាប់ធ្វើទឹកជ្រលក់

២.​ ដាំទឹកអោយពុះ បង់គល់ស្លឹកគ្រៃ​(ដំបន្តិច) អំបិលបន្តិច ខ្ទឹមសនិងម្ទេសដែលបានអាំងរួច​ និងត្រីចូលអោយបានមួយពុះសិន ចាំដាក់ទឺកត្រី​ និងប៊ីចេង ភ្លក់មើលល្មមតាមរសជាតិដែលលោកអ្នកចូលចិត្ត រួចលើកទុកមួយឡែក។

៣. ហាន់​ ជីនាងវង ជីរណា ស្លឹកខ្ទឹម និងចិតក្រូចឆ្មាច្របាច់យកទឹកទុកសម្រាប់ជ្រក់ និងធ្វើទឹកជ្រលក់

៤. វិធីធ្វើទឹកជ្រលក់ (រសជាតិត្រូវជូ ប្រៃ និងហឹលខ្លាំងបន្តិច ទើបឆ្ងាញ់)៖ លាយ ទឹកត្រី ក្រូចឆ្មារ ស្ករស (ដាក់តែបន្តិចបានហើយ​)​ ប៊ីចេង ម្ទេស ខ្ទឹមស ស្លឹកខ្ទឹម និងជី អោយចេញរសជាតិជូ ប្រៃ និងហឹល ទុកជាបានការ។​

៥. ដួសសម្លដាក់ចាន រួចរោយជី និងស្លឹកខ្ទឹម  ដាក់ទឹកក្រូចឆ្មារចូល ភ្លក់មើលអោយល្មមតាមរសជាតិដែលលោកអ្នកចូលចិត្តជាការស្រេច។

img_7671

មាន់ដុតទឹកស៊ីអ៊ីវ



គ្រឿងផ្សំមានដូចជា៖


១. មាន់ស្រែមួយក្បាល

២. គល់ស្លឹកគ្រៃ២គល់

៣.ខ្ទឹមស៥កំពឹស

៤. ខ្ទឹមក្រហម៥កំពឹស

៥. អំបិល

៦. ប្រេងឆា

៧. ប៊ីចេង

៨.​ ស្ករស

៩. ទឹកស៊ីអ៊ីវ​

១០. ស្លឹកខ្ទឹម


របៀបធ្វើ៖

១. ចាក់ប្រេងឆាដាំអោយក្ដៅ រួចយកមាន់​​ និង គល់ស្លឹកគ្រៃ​ (ដំបន្តិច) មកបំពងជាមួយគ្នា​អោយឆ្អិនឡើងក្រហមល្អ និងស្បែកខាងក្រៅស្រួយ លើកទុកមួយអន្លើសិន។

២.​ ហាន់ខ្ទឹមស និងខ្ទឹមក្រហម​ ជាចំណិតស្ដើងៗ បំពងជាមួយប្រេងឆាអោយឡើងក្រហម រួចចាក់ទឹកស៊ីអ៊ីវ អំបិល ស្ករស​ ប៊ីចេង រួចថែមទឹកជាបន្តិច ភ្លក់មើលរសជាតិ (ត្រូវប្រៃនិងផ្អែមបន្តិចទើបអាចចូលជាតិល្អជាមួយសាច់មាន់) បើល្មមហើយសូមដាក់មាន់ដែលបំពងរួចចូលទៅក្នុងឆ្នាំងដែលផ្សំគ្រឿងរួចនោះ និងបង្វិលឬប្រែមាន់អោយសព្វ​ ហើយលើកចេញមកដាក់ចានភ្លាម និងស្រោចទឹកផ្សំគ្រឿងនោះលើមាន់ និងរោយស្លឹកខ្លឹមពីលើជាការស្រេច៕