Category Archives: Food

បង្កងដុតអំបិល


គ្រឿងផ្សំមានដូចជា៖

១. បង្កង ១គីឡូ

២. អំបិល ៣ -​ ៤ក្ដាប់

៣. គល់ស្លឹកគ្រៃ​ ៤គល់

៤. ស្លឹកក្រូចសើច ៧សន្លឹក

របៀបធ្វើ៖

ដំបូងត្រូវរោយអំបិលក្នុងឆ្នាំងអោយសព្វផ្ទៃបាត បន្ទាប់មកតំរៀប គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច និងបង្កងពីលើអំបិល រួចរោយអំបិលបន្តិចពីលើមួយជាន់ទៀត សឹមគ្របគំរបឆ្នាំង ហើយបើកភ្លើងអោយក្ដៅដុតប្រហែល១០នាទីជាការស្រេច។​

សូមមើលវីឌីអូខាងក្រោមនូវរបៀបដុតបង្កងជាមួយអំបិល

Advertisements

ក្ដាមថ្មអប់មីសួ


គ្រឿងផ្សំ៖

១. ក្ដាមថ្ម

២. មីសួ

៣. ស្រាស ៣ស្លាបព្រាបាយ

៤.​ ទឹកត្រី ១ស្លាបព្រាបាយ

៥. ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ

៦. ទឹកស៊ីអ៊ីវខាប់ ១ស្លាបព្រាបាយ

៧. ទឹកប្រេងខ្យង ២ស្លាបព្រាបាយ

៨. ស្ករស ១ស្លាបព្រាបាយ

៩. ប្រេងឆា ៣ស្លាបព្រាបាយ

១០. ខ្ទឹមស ១០កំពឹស ហាន់ជាចំណិតរាងក្រាស់ៗបន្តិច

១១. ខ្ញី ហាន់ជាបន្ទះស្ដើងល្មម១០ចំណិត

១២. អំបិល ១ស្លាបព្រាបាយ

១៣. ម្រេច​ ១ស្លាបព្រាបាយ

១៤. ស្លឹកខ្លឹម ៤ដើម កាត់ជាកង់ៗប្រវែងប្រហែល១ថ្នាំងម្រាមដៃ

របៀបធ្វើ៖

១. យកមីសួទៅត្រាំទឹក ២០នាទី រួចស្រង់ចេញច្រោះអោយអស់ទឹកទុកមួយឡែក។

២. លាយស្រាស ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកស៊ីអ៊ីវខាប់ ទឹកប្រេងខ្យង ស្ករស ចូលគ្នាអោយសព្វ

៣. ចាក់ប្រេងឆាចូលខ្ទះដែលក្ដៅ រួចដាក់ខ្ទឹមស៥កំពឹស និងខ្ញី៥ចំណិត ចូលលីងអោយឡើងឈ្ងុយ និងរាងក្រៀមបន្តិច ចាក់មីសួ ទឹកគ្រឿងផ្សំដែលបានលាយរួចពីខាងលើ និងទឹកស៊ុបឬទឹក៤០០មីលីលីត្រ ចូលហើយច្របល់ឆាអោយសព្វ ទើបចាក់ដាក់ក្នុងឆ្នាំងដី។​

៤. ចាក់ប្រេងឆាចូលខ្ទះដែលក្ដៅ រួចដាក់ខ្ទឹមស៥កំពឹស និងខ្ញី៥ចំណិតចូលលីងអោយឡើងឈ្ងុយ និងរាងក្រៀមបន្តិច ចាក់ក្ដាមថ្មចូល រួចដាក់អំបិល និងម្រេច ព្រមទាំងស្រាស​១ស្លាបព្រាបាយរួចឆាត្រឡប់អោយចូលជាតិបន្តិច យកទៅចាក់ចូលក្នុងឆ្នាំងដីពីលើមីសួ រោយស្លឹកខ្លឹម បន្ទាប់មកគ្របគំរបឆ្នាំងដី ចម្អិនចំនួន២០នាទី ចុងក្រោយរោយជីវ៉ាន់ស៊ុយពីលើជាការស្រេច​ ៕

របៀបលាងខ្ទះដែលប្រឡាក់កំណកខ្លោចដុំៗអោយបានស្អាតភ្លាមៗ 


មេផ្ទះខ្លះ គាត់យកខ្ទះដែលប្រឡាក់ខ្លោចខ្លាំងនោះទៅត្រាំទឹកទុកចោលរយៈពេលយូរ អាចមួយយប់ឲ្យវារីកកំណកដើម្បីងាយស្រួលលាង ប៉ុន្តែពេលខ្លះខ្ទះនោះនៅតែពិបាកលាងសម្អាតឲ្យជ្រះអស់ដដែល។ ការធ្វើបែបនោះធ្វើឲ្យខាតពេលច្រើន ហើយបើចង់យកខ្ទះនោះប្រើបន្តភ្លាមៗក៏មិនបាន។ ដើម្បីឲ្យជ្រាបច្បាស់ថាតើលាងបែបណាទើបអាចជម្រុះចោលនូវកំណកខ្លាចនោះអស់ក្នុងពេលដ៏ខ្លីបំផុតដោយមិនចាំបាច់ប្រើអ្វីក្រៅពីទឹកនិងភ្លើង សូមចូលទស្សនាវីឌីអូខាងក្រោម៖

ជ្រក់ជើងមាន់


គ្រឿងផ្សំមានដូចជា៖

១. ជើងមាន់១គីឡូកន្លះ

២. ទឹក៧៥០មីលីលីត្រ

៣. ទឹកត្រី៣០០មីលីលីត្រ

៤. ទឹកខ្មេះ៣០០មីលីលីត្រ

៥. អំបិល២/៣ស្លាបព្រាបាយ

៦. ស្ករសរមួយស្លាបព្រាបាយកន្លះ

៧. គល់ស្លឹកគ្រៃ៧គល់

៨. ខ្ញី៥ដុំ

៩. ស្លឹកក្រូចសើច១៥សន្លឹក

១០. ខ្ទឹមស១៥កំពឹស

១១. ម្ទេស១០គ្រាប់

១២. ទឹកកកលៃល្មមត្រាំជើងមាន់

របៀបធ្វើ៖

១. ហាន់ខ្ទឹមស ខ្ញី គល់ស្លឹកគ្រៃ ម្ទេស ជាបន្ទះស្ដើងៗ ទុកមួយឡែក។

២. ចាក់ទឹក ទឹកខ្មេះ អំបឹល ស្ករស ទឹកត្រី ចូលឆ្នាំង រួចដាំឲ្យពុះ ទុកឲ្យត្រជាក់ទុកមួយអន្លើ។

៣. ដាំទឹកបង់គល់ស្លឹកគ្រៃ ខ្ញី និងស្លឹកក្រូចសើចមួយភាគ មកបង់ចូល រួចចាកជើងមាន់ចូល បើកភ្លើងដាំឲ្យពុះប្រហែល១០នាទី បន្ទាប់មកស្រង់យកជើងមាន់មកត្រាំទឹកកកឲ្យត្រជាក់សព្វប្រហែល១០នាទីឲ្យសាច់ឡើងរឹង និងស្រួយ។

៤. យកជើងមាន់ដែលត្រាំទឹកកករួច(ស្រង់ឲ្យអស់ទឹក) មកតំរៀបក្នុងក្រឡកែវ លាយជាមួយ ខ្លឹមស ខ្ញី គល់ស្លឹកគ្រៃ ម្ទេសដែលបានហាន់រួច ស្លឹកក្រូចសើច (មិនបាច់ហាន់ទេ ទុកទាំងមូល) រួចចាក់ទឹកសម្រាប់ជ្រក់ដែលបានដាំទុកឲ្យត្រជាក់ចូលឲ្យលិចសព្វជើងមាន់ ទុកប្រហែល៣០នាទីដើម្បីឲ្យជើងមាន់ចូលជាតិបានល្អហើយ យើងអាចយកទៅក្លាសេទុកក្នុងទូរទឹកកកមួយយប់សិន ជាការស្រេច៕ ចំណាំ៖ អាចទុកក្នុងទូរទឹកកករក្សាបានប្រហែល៥ ទៅ៦ថ្ងៃ៕

សាឡាដធូណា


គ្រឿងផ្សំមានដូចជា៖

១. សាឡាដចំរុះ

២. ប៉េងប៉ោះ

៣. ខ្ទឹមបារាំង

៤. ខ្ទឹមក្រហម

៥. ត្រីខធូណាកំប៉ុង

៦. អំបិល

៧. ទឹកខ្មេះ

៨. ស្ករស

៩. ម្រេច

របៀបធ្វើ៖

ទឹកជ្រលក់សម្រាប់ស្រោចលើបន្លែ ៖ ហាន់ខ្ទឹមបារាំងឲ្យល្អិត ចាក់ទឹកខ្មេះ លាយជាមួយអំបិល ស្ករស និង ម្រេច កូរឲ្យរលាយជាតិចូលគ្នាបានល្អ តាមរសជាតិដែលលោកអ្នកចូលចិត្ត (រសជាតិទឹកជ្រលក់នេះត្រូវតែជូរ និងប្រៃឡមល្មម មិនឲ្យផ្អែមទេ)។

យកសាឡាដចំរុះ ប៉េងប៉ោះ(ហាន់ជាបន្ទះៗ) ខ្ទឹមបារាំង និងខ្ទឹមក្រហម (ហាន់ជាបន្ទះស្ដើងៗល្មម) ត្រីខកំប៉ុង (តាមការចូលចិត្តតិចឬច្រើន) ចូលក្នុងចានធំ ស្រូបទឹកជ្រលក់រួចច្របល់ចូលគ្នាឲ្យសព្វ ជាការស្រេច។

តែផាសិនត្រសក់


គ្រឿងផ្សំ៖

១. ទឹកតែឆុងយករសជាតិចាស់បន្តិច កន្លះកែវ

២. ផ្លែផាសសិន (passion) ២ផ្លែ (ដាក់ទាំងគ្រាប់ ឬ ច្រោះយកតែទឹក)

៣. ត្រសក់ ១០ចំណិតស្ដើងៗល្មម

៤. ស្ករស ២ ទៅ ៣ស្លាបព្រា តាមការចូលចិត្ត

៥. ជីអង្កាម ៥សន្លឹក

៦. ទឹកកក

របៀបធ្វើ៖

១.  យកត្រសក់៦ចំណិត មកជ្រុំជាមួយទឹកតែ និងជីអង្កាម៣សន្លឹក រួចច្រោះយកកាកចោល។ បន្ទាប់មកយកទឹកតែដែលច្រោះរួចមកលាយជាមួយនឹងស្ករស កូរឲ្យរលាយរួចចាក់ចូលក្នុងកែវទឹកកកដែលរាយត្រសក់៤ចំណិតទៀតដើម្បីលំអ និងថែមជីអង្កាម២សន្លឹកពីលើជាការស្រេច៕

ស៊ុបខួរជ្រូក


គ្រឿងផ្សំមានដូចជា ៖

១. ខួរជ្រូក

២. ផ្សិតម្ជុល

៣. ខ្ញី

៤. អំបិល

៥. ម្សៅស៊ុប

៦. ម្រេច

៧. ស្លឹកខ្ទឹម

៨. ជីវ៉ាន់ស៊ុយ

៩. ឆ្អឹងមាន់

១០. ខ្លឹមស

របៀបធ្វើ៖

១. រំងាស់ឆ្អឹងមាន់ប្រហែល៣០នាទី បង់អំបិលបន្តិចផង។

២. ជាន់ខ្ញីជារាងចង្វារមូលតូចៗ

៣. ហាន់ស្លឹកខ្ទឹម និងជីវ៉ាន់ស៊ុយ

៤. ផ្សិតម្ជុលកាត់ជើងចេញ ប្រឡេះចេញពីគ្នា

៥. ៣០នាទីក្រោយស្រង់យកឆ្អឹងមាន់ចេញ បង់ខ្ញី ម្សៅស៊ុប ម្រេច ខួរជ្រូក(បកសន្ទះស្ដើងដែលរុំជុំវិញខួរជ្រូកចេញថ្មមៗឲ្យស្អាត)ចូល រំងាស់ប្រហែល១០នាទី ដួសដាក់ចាន រោយស្លឹកខ្ទឹម និងជីវ៉ាន់ស៊ុយជាការស្រេច៕

ខឆ្អឹងជំនីជ្រូកស្ងួត


គ្រឿងផ្សំមានដូចជា៖

១. ឆ្អឹងជំនីជ្រូក ១គីឡូ

២. ខ្ញី១ដុំធំ

៣. ខ្ទឹម៥កំពឹស

៤. អំបិល ១ស្លាបព្រាបាយ

៥. ទឹកត្រី ២ស្លាបព្រាបាយ

៦. ស្ករត្នោត ៣ស្លាបព្រាបាយ

៧. ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ

៨. ម្រេច បន្តិច

របៀបធ្វើ៖

១. យកឆ្អឹងជំនីជ្រូកប្រឡាក់ជាមួយ អំបិល ទឹកត្រី ម្រេច ខ្ទឹមស (ដំបន្តិច) លៃឲ្យប្រៃឡមៗ ទុកប្រហែល១០នាទី

២. ហាន់ខ្ញីជាចំណិតស្ដើងៗល្មម

៣. រំលីងស្ករត្នោតឲ្យឡើងពណ៌ក្រហមដិត តែប្រយ័ត្នកុំឲ្យខ្លោច បន្ទាប់មកដាក់ឆ្អឹងជំនីជ្រូកចូល ចាក់ទឹកត្រីបន្តិច ទឹកស៊ីអ៊ីវបន្តិច លើកក្រឡុកថ្មមៗ ឲ្យសព្វល្អ ទើបចាក់ទឹកចូលបន្តិចបានហើយ ដើម្បីកុំឲ្យខ្លោច ដាក់ខ្ញី ម្រេច ចូលរំងាស់ភ្លើងតិចៗ លើកក្រឡុកថ្មមៗឲ្យឃើញឆ្អឹងជំនីពណ៌ក្រហមល្អ ទើបចាក់ទឹកឲ្យល្មមលិចត្រឹមឆ្អឹងជំនីជ្រូក រួចរំងាស់ភ្លើងតិចៗ (ពេលរីងទឹកហើយ បើសាច់នៅមិនទាន់ផុយល្អទេ ត្រូវថែមទឹកបន្តិច) រំងាស់រហូតដល់ផុយ និងរីងទឹក ជាងខធម្មតា និងរសជាតិរៀងប្រៃនិងផ្អែមបន្តិចទើបឆ្ងាញ់។