Category Archives: Social

មេដឹកនាំដែលមានចរិកដូច៨ចំនុចនេះ មិនគួរឲ្យលោកអ្នកគោរព ទុកចិត្ត និងធ្វើការជាមួយឡើយ


កន្លែងការងារណាក៏តែងតែមានបញ្ហាដែរ គ្រាន់តែមានតិច ឬច្រើនអាស្រ័យលើការដឹកនាំរបស់ស្ថាប័ននោះ ហើយបើមានមេដែលមានចរិកដូចខាងក្រោមនេះទៀត រឹតតែគួរឲ្យពិចារណាថា បើមិនមានជំរើសផ្សេង គឺត្រូវតែប្រុងប្រយ័ត្ន៖

១. ត្រចៀកស

ឆាប់ជឿគេ ដោយគ្មានការពិនិត្យ ឬសួរនាំរកមូលហេតុ ឬហេតុផលឲ្យបានច្បាស់លាស់ មុននឹងគិត ជឿ ឬយល់ថាកូនចៅនោះខុសពិតមែនឬយ៉ាងណា អ្នកណាប្រាប់បានមុនគឺជាអ្នកមានព្រៀប

២. ចិត្តចង្អៀត ប្រកាន់ច្រើន គ្មានហេតុផល

៣. គ្មានភាពច្បាស់លាស់

ម្ដងសម្រេចចេះ ម្ដងសម្រេចចុះ ធ្វើឲ្យកូនចៅវង្វេងមិនដឹងថាគួរធ្វើឬមិនធ្វើ

៤. យកចិត្តទុកដាក់កូនចៅមិនស្មើគ្នា (បក្សពួកនិយម)

អ្នកណាគ្នារបស់ខ្លួន ចុងឆ្នាំវាយតម្លៃបានប្រាក់ខែខ្ពស់ជាង កូនចៅដែលមិនមែនជាបក្សពួកខ្លួន និងមិនឲ្យតំលៃលើបុគ្គលិកសកម្មដែលធ្លាប់ជួយការងារខ្លួនទេ ពេលត្រូវការពឹង និយាយឲ្យល្អណាស់ ចប់ការងារ ចុងឆ្នាំប្រាក់ខែស្មើគ្នាជាមួយអ្នកមិនសកម្ម។

៥. គ្មានទំនួលខុសត្រូវ អត្មានិយម

ទំលាក់កំហុសឲ្យកូនចៅ ពេលនៅមុខប្រធានក្រុមហ៊ុន ឬមេធំជាងខ្លួន។ មិនហ៊ានចេញមុខសម្រេចការងារឲ្យបានច្បាស់លាស់ ឲ្យកូនចៅដោះស្រាយដោយខ្លួនឯង ទាំងដែលវាជាភារកិច្ចរបស់ខ្លួនក្នុងនាមជាមេ បើជាគុណសម្បត្តិយកតែម្នាក់ឯង។ ឧទាហរណ៍៖ យកម៉ោងការងារមកធ្វើការងារក្រៅផ្ទាល់ខ្លួន​ឬរបររកស៊ីខ្លួនឯងទៅវិញ អាងតែគ្មានមេណាដឹង ឬមិនហ៊ានថាឲ្យ ដោយទំលាក់ការងាររបស់ខ្លួនឲ្យកូនចៅធ្វើជំនួស លទ្ធផលល្អមេយក តែបើខុស ឬមិនល្អ រកវិធីទំលាក់ដាក់អោយកូនចៅ ។​

៦. មិនចេះគ្រប់គ្រងកូនចៅ

អ្នកណាចង់ធ្វើ ឬមិនធ្វើ មកយឺត ឬលឿន មើលបំណាំគ្នាក៏មិនខ្ចីខ្វល់ ចង់កូនចៅឈ្លោះគ្នាដោយសារតែមេខ្លួនឯងមិនចេះបែងចែកការងារឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ ក៏មិនខ្ចីចេញមុខសម្របសម្រួល និងដោះស្រាយ ខ្លាចកូនចៅស្អប់ សុខចិត្តទុកឲ្យកូនចៅស្អប់គ្នាឯងល្អជាងមកស្អប់ខ្លួន។

៧. មានគំនិតអគតិច្រើន 

មនុស្សដែលគិតមិនល្អច្រើននេះ តែងតែគិតថាអ្នកដ៏ទៃគិតអាក្រក់ដូចខ្លួន ដូច្នេះហើយ បើយើងមានមេប្រភេទនេះ គង់ចៀសមិនផុតពីការគិតថាយើងមិនល្អ មិនគោរពគេនៅថ្ងៃណាមួយមិនខានឡើយ។

៨. គុំគួនកូនចៅ 

មេដែលល្អ នឹងចាត់ទុកខ្លួនឯងដូចជាឪពុក ឬម្ដាយ ឬអាណាព្យាបាលរបស់កូនចៅ មិនថាកូនចៅខុសប៉ុណ្ណាក៏ត្រូវធ្វើការណែនាំ ដោយបំណងល្អក្នុងនាមជាមេ ចាំអត់ទោសឲ្យកូនចៅដែលធ្វើខុស មិនមែនគុំគួន រង់ចាំមានឱកាសកំចាត់កូនចៅចេញ តាមចាប់កំហុស និងប្រើល្បិចធ្វើបាបគ្រប់ពេលនោះទេ។

រូបភាពយកពីប្រភព Facebook 

 

Advertisements

តើត្រូវត្រៀមអ្វីខ្លះដើម្បីទៅពិនិត្យ និងព្យាបាលសុខភាពនៅបាងកក ប្រទេសថៃ ឲ្យចំណាយអស់តិច និងមានសុវត្ថិភាព? 


សម្រាប់លោកអ្នកដែលមានបំណងចង់ទៅពិនិត្យសុខភាព និងព្យាបាលជម្ងឺនៅបាងកក ឲ្យអស់ចំណាយតិច Romduol Experience សូមជូនជាយោបល់ថា គួរពិចារណាជ្រើសរើសសេវាព្យាបាលរបស់មន្ទីពេទ្យរដ្ឋ។ ថ្ងៃនេះ Romduol Experience សូមលើកយកតែមន្ទីពេទ្យជូឡាឡុងកន (King Chulalongkorn Memorial Hospital) ដែលជាមន្ទីរពេទ្យមួយក្នុងចំណោមន្ទីរពេទ្យរដ្ឋរបស់ថៃ ណែនាំជូនលោកអ្នក។ តើលោកអ្នកត្រូវត្រៀមអ្វីខ្លះក្រៅពីថវិកា?

១. រកអ្នកបកប្រែភាសាថៃ ដែលទទួលបកប្រែឲ្យអ្នកជម្ងឺ នៅមន្ទីពេទ្យនោះ ឲ្យជួយណាត់គ្រូពេទ្យទុកជាមុនតាមថ្ងៃដែលលោកអ្នកចង់បាន ជាទូទៅសេវាបកប្រែគេយក៥០០បាត(លុយថៃ) ។ 

២. រកកន្លែងស្នាក់នៅ(ត្រូវកក់ទុកជាមុន) ដែលនៅមិនឆ្ងាយពីមន្ទីរពេទ្យនេះ មានផ្សារទំនិញ និងអាហារដ្ឋាននានា ដែលមានតំលៃសមរម្យ តំបន់នោះគេហៅថាប្រាទូណាម (Pratunam)។

៣. កក់ និងទិញសំបុត្រឡានពីក្រុមហ៊ុនដឹកអ្នកដំណើរ ដោយត្រង់ពី ភ្នំពេញ-បាងកក និងបាងកក-ភ្នំពេញ តំលៃសំបុត្រទាំងទៅ ទាំងមកអស់ប្រហែលពី52-54$ អាស្រ័យតាមក្រុមហ៊ុន។ ចំពោះរយៈពេលធ្វើដំណើរពីភ្នំពេញទៅបាងកកត្រូវចំណាយពេលប្រហែល១០-១២ម៉ោង​ (មួយថ្ងៃពេញ)។

៤. ត្រូវមានលិខិតឆ្លងដែន រៀងៗខ្លួនសូម្បីតែកូនង៉ែតក៏ត្រូវមានលិខិតឆ្លងដែនមួយជារបស់ខ្លួនដែរ និងត្រូវយកជាប់ខ្លួនជានិច្ច។

៥. ចំពោះការឆ្លងកាត់ព្រំដែន ត្រូវប្រុងប្រយ័ត្ននៅពេលដែលប្រគល់លិខិតឆ្លងដែនទៅអ្នករត់ការចូរសួរបញ្ជាក់ថាគាត់ជាអ្នករត់ការរបស់ក្រុមហ៊ុនដឹកអ្នកដំណើរដែលយើងជិះមក? ចៀសវាងការប្រគល់ច្រឡំមនុស្សរបស់ក្រុមហ៊ុនផ្សេង ព្រោះមានជាច្រើនក្រុមហ៊ុនរត់ការដូចគ្នា។ ករណីនេះធ្លាប់មានកើតឡើងផងដែរ។​

៦. គួរទិញស៊ីមទូរស័ព្ទនៅតាមច្រកព្រំដែនអោយហើយ ដើម្បីងាយស្រួលទំនាក់ទំនងជាមួយអ្នកបកប្រែ។

៧. ថ្ងៃណាត់ពិនិត្យជាមួយគ្រូពេទ្យ លោកអ្នកនឹងត្រូវចំណាយពេលព្រឹកដើម្បីចុះឈ្មោះនិងពិនិត្យសុខភាពជាបឋមដូចជាការពិនិត្យឈាម ទឹកនោម បេះដូង ជាដើម។ ថ្លៃពិនិត្យសុខភាពជាបឋមនេះ ប្រហែលនៅក្នុងចន្លោះពី ៣០០០បាត​ – ៤០០០បាត។​ បន្ទាប់ពីពិនិត្យបឋមរួច លោកអ្នកអាចសល់ពេលដើរលេងទៅតាមផ្សារ អាហារដ្ឋានផ្សេងៗ និង​រង់ចាំដល់ម៉ោងណាត់ជួបវេជ្ជបណ្ឌិត។ ពេលដែលលោកអ្នកអាចជួបពិនិត្យជាមួយវេជ្ជបណ្ឌិតបានគឺនៅពេលល្ងាចប្រហែលជាម៉ោង៥​ ឬ ៦។  ថ្លៃពិនិត្យរបស់វេជ្ជបណ្ឌិតគឺ៦៤០បាត ចំណែកថ្លៃថ្នាំអាស្រ័យតាមប្រភេទជម្ងឺ។ សូមចំណាំថា៖ ថ្លៃថ្នាំនៅក្នុងមន្ទីរពេទ្យនេះ គឺធូរថ្លៃជាងទិញនៅតាមឱសថស្ថានខាងក្រៅ។

៧. ចំពោះ​មធ្យោបាយធ្វើដំណើរនៅក្នុងទីក្រុងបាងកក លោកអ្នកអាចប្រើ រថភ្លើងលើអាកាស (Sky Train) ឬឡានក្រុង ឬធ្វើដំណើរដោយថ្មើជើង (ប្រសិនបើលោកអ្នកស្គាល់ផ្លូវច្បាស់ ឬមានផែនទី) អាចជឿជាក់ថាមានសុវត្ថិភាព និងធូរថ្លៃជាងជិះTaxi ។ ប្រសិនបើលោកអ្នកចាំបាច់ត្រូវប្រើ Taxi សូមបង្កើនការប្រុងប្រយ័ត្នបន្តិចក្នុងពេលលោកអ្នកធ្វើដំណើរម្នាក់ឯង ឬ២នាក់ ជាពិសេសនៅពេលយប់ និងពេលជិតភ្លឺ ព្រោះអាចជួបTaxi មួយចំនួនតូចដែលខូចខិល ចង់កេងយកលុយពីលោកអ្នក តាមរយៈការជិះវៀងផ្លូវឆ្ងាយ ឬ មិនប្រើម៉ាស៊ីនវាស់គីឡូម៉ែត្រទេ ទោះជាមានក៏ដោយ ឬធ្វើជាយល់ព្រមតាមតំលៃដែលលោកអ្នកតថ្លៃជាមួយ លុះដល់កន្លែងចុះ ចាក់គន្លឹះទ្វារឡានធ្វើអោយយើងបើកចេញមិនរួច​ ទាល់តែថែមលុយអោយបានបើកចេញ ករណីមួយទៀតជិះបានបន្តិចធ្វើជាមិនស្គាល់ច្បាស់កន្លែងដែលយើងចង់ទៅ ឈប់ចុះសួរគេតាមផ្លូវរហូត ចុងក្រោយទារលុយច្រើនព្រោះជិះរកផ្លូវឡើងយូរ​។

ទម្លាប់មួយចំនួនដែលឳពុក ម្ដាយគួរកែប្រែដើម្បីកូន


ខាងក្រោមនេះគឺជាទម្លាប់មួយចំនួនដែលយើងជាលោកប៉ានិងអ្នកម៉ាក់គួរតែពិចារណាកែសម្រួលតាមលទ្ធភាពដែលអាចធ្វើទៅបាន​ ប្រសិនបើលោកអ្នកមានទម្លាប់ណាមួយ ឬច្រើនក្នុងចំណោមនោះ។

១.​ តាមចិត្តកូនពេកចង់បានអី រក ឬទិញឲ្យភ្លាមៗ ឬចង់ធ្វីអីបណ្ដោយតាមកូន

ការធ្វើបែបនេះនឹងបង្កើតជាទម្លាប់មិនល្អដល់កូន និងបង្កជាផលវិបាកដល់យើងនៅពេលក្រោយ ហើយជួនកាលអាចនឹងធ្វើឱ្យអ្នកដទៃពិបាកផងដែរ។ ឧ. បើកឡានយកកូនមកដាក់ឲ្យអង្គុយបើកកាន់ចង្កូតឡានជាមួយ ព្រោះកូនយំចង់កាន់ចង្កូតឡានលេង។

២. អាហារដែលលោកអ្នកមិនចេះញាំ

គប្បីបង្រៀនកូន អោយទម្លាប់ញាំម្ហូបបានគ្រប់ប្រភេទ (សាច់ បន្លែ និង ផ្លែឈើ) ទោះលោកអ្នកមិនចេះ ឬមិនធ្លាប់ទទួលទានក៏ដោយ។

៣.ញាំអាហារក្រៅផ្ទះញ៉ឹកញ៉ាប់ពេក

បច្ចុប្បន្នការញាំអាហារក្រៅផ្ទះគឺពេញនិយម និងសំបូរបែបណាស់ ហើយក៏ផ្ដល់នូវភាពងាយស្រួលដល់អ្នកម៉ាក់ មិនចាំបាច់ហត់ធ្វើម្ហូប ប៉ុន្តែលោកអ្នកអាចនឹងប្រឈមជាមួយជម្ងឺផ្សេងៗជាពិសេសក្មេងៗងាយនឹងរងគ្រោះ បើរបស់ដែលទទួលទានមិនមានគុណភាព និងអនាម័យ។​

 ៥.ថ្មមកូនពេកមិនឲ្យកូនជួយធ្វើការងារផ្ទះ

ការដែលឲ្យកូនជួយការងារផ្ទះស្រាលៗមួយចំនួនគឺមិនមិនជាការធ្វើបាបកូន ឬហត់នឿយសម្រាប់ក្មេងនោះទេ តែអាចធ្វើឲ្យកូនលោកអ្នកដឹងពីតួនាទី ចេះជួយតាមលទ្ធភាពដែលពួកគាត់មាន ហើយជួយឲ្យគេបានយល់ពីទុក្ខធុរៈរបស់លោកអ្នក មានទម្លាប់ចេះជួយដល់អ្នកដទៃផងដែរ។

៦.ពឹងផ្អែកលើទឹកដោះគោច្រើនពេករហូតដល់ញាំជំនួសបាយទោះដល់អាយុគួរផ្ដាច់ហើយក៏ដោយ ៕

 

វិធីស្រោចទឹករំដោះគ្រោះសាមញ្ញងាយៗ 


លោកអ្នកមួយចំនួនប្រហែលជាធ្លាប់បានដឹងដែរហើយថា ការស្រោចទឹករំដោះគ្រោះមិនមែនមានតែព្រះសង្ឃស្រោចឲ្យទេ យើងក៏អាចសុំឲ្យព្រះរស់ក្នុងផ្ទះ (លោកឳពុក  ឬ/និង អ្នកម្ដាយបង្កើត) ធ្វើពិធីស្រោចទឹករំដោះគ្រោះឲ្យបានផងដែរ។ ពិធីនេះ លោកអ្នកអាចសាកល្បងបានហើយក៏មិនមានអ្វីត្រូវខាតបង់ដែរ ព្រោះនេះគឺជាជំនឿតៗគ្នាមករបស់គ្រួសារខ្ញុំ បានផលក៏ល្អដែរ។ 

គ្រឿងដែលត្រូវមានសម្រាប់រៀបពិធី៖

១. ធូប បីសរសៃ

២. ផ្កាម្លិះមួយភួង ឬ ផ្កាឈូក១-២ (បកប្រឡេះចេញជាស្រទាប់) ឬ ទឹកអប់ ឬ ផ្លែក្រូចសើច១-២ផ្លែ (ហាន់ជាបន្ទះស្ដើងល្មម)

៣.ទឹកស្អាត១ធុងធំ

របៀបធ្វើពិធី៖

១. បើកទ្វារផ្ទះ ឬ ទ្វាររបងចំហរ

២. យកផ្កាមករោយ ដាក់ចូលក្នុងធុងទឹក រៀបនៅទីធ្លាមុខផ្ទះ

៣. អុជធូបជូនលោកអ្នកមានគុណ

៤. លោកឳពុក ឬអ្នកម្ដាយ លើកធូបបួងសួង ដល់អស់ទេវតានៅឋានលើគ្រប់ទិសទាំងដប់ ព្រះពុទ្ធជាម្ចាស់ សូមអញ្ជើញមកស្ថិតនៅផ្ទះលេខ….ផ្លូវ……ដើម្បីជួយរំដោះគ្រោះភ័យចេញពីកូនរបស់ខ្ញុំតាមរយៈទឹកមួយធុងនេះ បន្ទាប់មក យកជើងធូបកូរទឹក៣ជុំរួច លោកឪពុក ឬអ្នកម្ដាយរៀបចំស្រោចទឹកឲ្យកូន មុនស្រោចទឹក កូនត្រូវថ្វាយបង្គុំលោកអ្នកមានគុណចំនួន៣ដង អាចជូនលុយលោកអ្នកមានគុណតាមសទ្ធា រួចហើយអង្គុយតាមកន្លែងដើម្បីស្រោចទឹក។ ពេលកំពុងស្រោចទឹក លោកឳពុក ឬអ្នកម្ដាយនិយាយសុំឲ្យគ្រោះចង្រៃទាំងឡាយរលាយ និងហូរទៅតាមទឹកឲ្យអស់ សូមឲ្យមានតែលាភ ជ័យ ហេងៗចូលមានដល់កូន សូត្របែបនេះរហូតដល់ស្រោចទឹកអស់ពីធុងជាការស្រេច។