Tag Archives: soup

ក្ដាមថ្មអប់មីសួ


គ្រឿងផ្សំ៖

១. ក្ដាមថ្ម

២. មីសួ

៣. ស្រាស ៣ស្លាបព្រាបាយ

៤.​ ទឹកត្រី ១ស្លាបព្រាបាយ

៥. ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ

៦. ទឹកស៊ីអ៊ីវខាប់ ១ស្លាបព្រាបាយ

៧. ទឹកប្រេងខ្យង ២ស្លាបព្រាបាយ

៨. ស្ករស ១ស្លាបព្រាបាយ

៩. ប្រេងឆា ៣ស្លាបព្រាបាយ

១០. ខ្ទឹមស ១០កំពឹស ហាន់ជាចំណិតរាងក្រាស់ៗបន្តិច

១១. ខ្ញី ហាន់ជាបន្ទះស្ដើងល្មម១០ចំណិត

១២. អំបិល ១ស្លាបព្រាបាយ

១៣. ម្រេច​ ១ស្លាបព្រាបាយ

១៤. ស្លឹកខ្លឹម ៤ដើម កាត់ជាកង់ៗប្រវែងប្រហែល១ថ្នាំងម្រាមដៃ

របៀបធ្វើ៖

១. យកមីសួទៅត្រាំទឹក ២០នាទី រួចស្រង់ចេញច្រោះអោយអស់ទឹកទុកមួយឡែក។

២. លាយស្រាស ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកស៊ីអ៊ីវខាប់ ទឹកប្រេងខ្យង ស្ករស ចូលគ្នាអោយសព្វ

៣. ចាក់ប្រេងឆាចូលខ្ទះដែលក្ដៅ រួចដាក់ខ្ទឹមស៥កំពឹស និងខ្ញី៥ចំណិត ចូលលីងអោយឡើងឈ្ងុយ និងរាងក្រៀមបន្តិច ចាក់មីសួ ទឹកគ្រឿងផ្សំដែលបានលាយរួចពីខាងលើ និងទឹកស៊ុបឬទឹក៤០០មីលីលីត្រ ចូលហើយច្របល់ឆាអោយសព្វ ទើបចាក់ដាក់ក្នុងឆ្នាំងដី។​

៤. ចាក់ប្រេងឆាចូលខ្ទះដែលក្ដៅ រួចដាក់ខ្ទឹមស៥កំពឹស និងខ្ញី៥ចំណិតចូលលីងអោយឡើងឈ្ងុយ និងរាងក្រៀមបន្តិច ចាក់ក្ដាមថ្មចូល រួចដាក់អំបិល និងម្រេច ព្រមទាំងស្រាស​១ស្លាបព្រាបាយរួចឆាត្រឡប់អោយចូលជាតិបន្តិច យកទៅចាក់ចូលក្នុងឆ្នាំងដីពីលើមីសួ រោយស្លឹកខ្លឹម បន្ទាប់មកគ្របគំរបឆ្នាំងដី ចម្អិនចំនួន២០នាទី ចុងក្រោយរោយជីវ៉ាន់ស៊ុយពីលើជាការស្រេច​ ៕

Advertisements

ស៊ុបខួរជ្រូក


គ្រឿងផ្សំមានដូចជា ៖

១. ខួរជ្រូក

២. ផ្សិតម្ជុល

៣. ខ្ញី

៤. អំបិល

៥. ម្សៅស៊ុប

៦. ម្រេច

៧. ស្លឹកខ្ទឹម

៨. ជីវ៉ាន់ស៊ុយ

៩. ឆ្អឹងមាន់

១០. ខ្លឹមស

របៀបធ្វើ៖

១. រំងាស់ឆ្អឹងមាន់ប្រហែល៣០នាទី បង់អំបិលបន្តិចផង។

២. ជាន់ខ្ញីជារាងចង្វារមូលតូចៗ

៣. ហាន់ស្លឹកខ្ទឹម និងជីវ៉ាន់ស៊ុយ

៤. ផ្សិតម្ជុលកាត់ជើងចេញ ប្រឡេះចេញពីគ្នា

៥. ៣០នាទីក្រោយស្រង់យកឆ្អឹងមាន់ចេញ បង់ខ្ញី ម្សៅស៊ុប ម្រេច ខួរជ្រូក(បកសន្ទះស្ដើងដែលរុំជុំវិញខួរជ្រូកចេញថ្មមៗឲ្យស្អាត)ចូល រំងាស់ប្រហែល១០នាទី ដួសដាក់ចាន រោយស្លឹកខ្ទឹម និងជីវ៉ាន់ស៊ុយជាការស្រេច៕

ស្ងោរជ្រក់ត្រីបាត់ដំបង



គ្រឿងផ្សំមានដូចជា៖

១. ត្រីឆ្កោក ឬត្រីក្អែក ឬត្រីឆ្ដោ (លោកអ្នកអាចជ្រើសរើសយកត្រីប្រភេទផ្សេងទៀតក៏បានតាមការចូលចិត្ត)

២. គល់ស្លឹកគ្រៃ ២គល់

៣.ខ្ទឹមស ១០កំពឹស

៤. ម្ទេស ៦គ្រាប់ (អាចដាក់តិច ​ឬច្រើនតាមចំណូលចិត្ត)

៥. ជីរណា

៦. ជីនាងវង

៧. ស្លឹកខ្ទឹម

៨.​ អំបិល

៩. ប៊ីចេង

១០. ទឹកត្រី

១១. ស្ករស

១២. ក្រូចឆ្មារ


របៀបធ្វើ៖

១. អាំង ម្ទេស និងខ្ទឹមស អោយឡើងឈ្ងុយនិងរាងគ្រៀមបន្តិច រួចយកចំនួនពាក់កណ្តាលទុកសម្រាប់បង់ចូលក្នុងទឹកសម្ល  ឯពាក់កណ្ដាលទៀតយកមកហាន់ជាចំណិតតូចៗល្មម សម្រាប់ធ្វើទឹកជ្រលក់

២.​ ដាំទឹកអោយពុះ បង់គល់ស្លឹកគ្រៃ​(ដំបន្តិច) អំបិលបន្តិច ខ្ទឹមសនិងម្ទេសដែលបានអាំងរួច​ និងត្រីចូលអោយបានមួយពុះសិន ចាំដាក់ទឺកត្រី​ និងប៊ីចេង ភ្លក់មើលល្មមតាមរសជាតិដែលលោកអ្នកចូលចិត្ត រួចលើកទុកមួយឡែក។

៣. ហាន់​ ជីនាងវង ជីរណា ស្លឹកខ្ទឹម និងចិតក្រូចឆ្មាច្របាច់យកទឹកទុកសម្រាប់ជ្រក់ និងធ្វើទឹកជ្រលក់

៤. វិធីធ្វើទឹកជ្រលក់ (រសជាតិត្រូវជូ ប្រៃ និងហឹលខ្លាំងបន្តិច ទើបឆ្ងាញ់)៖ លាយ ទឹកត្រី ក្រូចឆ្មារ ស្ករស (ដាក់តែបន្តិចបានហើយ​)​ ប៊ីចេង ម្ទេស ខ្ទឹមស ស្លឹកខ្ទឹម និងជី អោយចេញរសជាតិជូ ប្រៃ និងហឹល ទុកជាបានការ។​

៥. ដួសសម្លដាក់ចាន រួចរោយជី និងស្លឹកខ្ទឹម  ដាក់ទឹកក្រូចឆ្មារចូល ភ្លក់មើលអោយល្មមតាមរសជាតិដែលលោកអ្នកចូលចិត្តជាការស្រេច។

img_7671